៧០​លាន​ដុល្លារ​ថត​រឿងហូលីវូដ​នៅ​កម្ពុជា

Source: Sabay
អត្ថបទ៖ សុខ ឧត្ដម
កែសម្រួល៖ ចេង វណ្ណា

សន្និសីទ​ដ៏​ធំ​ រវាង​ក្រុម​ផលិតករ​ភាព​យន្ត​ហូលីវូដ គឺ​លោក​តូនី​(Tony Schiena) និង​មន្ត្រី​ជាន់​ខ្ពស់​​កម្ពុជា​ មកពីក្រសួង​ព័ត៌មាន​កាល​ពី​ម្សិល​មិញ ​បាន​ឈាន​ដល់​ការ​សម្រេច​អោយ​ថត​រឿង «មហា​អធិរាជ​ខ្មែរ» ដែល​លើក​ឡើង​ពី​ប្រវត្តិ​ពិត​របស់​មហា​ក្សត្រ​ខ្មែរ​ដ៏​ល្បី​ល្បាញ​គឺ​ព្រះ​បាទ​ជ័យ​វរ្ម័ន ទី​៧ ជា​ផ្លូវ​ការ​ហើយ ដោយ​គ្រោង​ចំណាយ​ថវិកា​ដល់​៧០​លាន​ដុល្លារ និង​ថត​ទាំង​ស្រុង​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ផ្ទាល់​តែ​ ម្ដង។

ឯកឧត្ដម​ ម៉ៅ​ អាយុទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​អោយ”សប្បាយ”ដឹង​​ថា ក្រោយ​ការ​សិក្សា​លម្អិត​ពី​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់​ព្រះ​មហាក្សត្រ​ ខ្មែរ គឺ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ក្រុម​ផលិតករ​ហូលីវូដ និង​ផលិតករ​នៃ​ប្រទេស​ហូឡង់ បាន​ដាក់​សំណើរ​សុំ​ថត​ប្រវត្តិ​មហាក្សត្រ​ខ្មែរ​​​មួយអង្គ នេះ នៅ​លើ​ទឹក​ដី​កម្ពុជា។ ឯក ឧត្ដម ​ថ្លែង​ថា «តាម​ការ​ពិភាក្សា ខាង​ហូលីវូដ នឹង​ចំណាយ​ប្រាក់​ចំនួន​៧០​លាន​ដុល្លារ ហើយ​ថត​រឿង​នេះ​នៅ​លើ​ទឹក​ដី​អង្គរ​យើង​ទាំង​ស្រុង នា​អំឡុង​ខែ​មករា​ឆ្នាំ​ក្រោយ ហើយ​សន្យា​ថា​នឹង​ប្រើ​រយៈ​ពេល​បី​ឆ្នាំ​​ថត​អោយ​ចប់ស្រេចមហាភាពយន្ត​​នេះ »។ មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ បន្ត​ថា ជា​ជោគ​វាសនា​ធំធេង​ណាស់​ ដែល​ផលិតករ​ហូលីវូដ​​ដ៏​ល្បី​ល្បាញ​របស់​ពិភព​លោក​ បាន​សម្រេច​ចង​ក្រង​ប្រវត្តិ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ ដើម្បី​ថត​ជា​ខ្សែ ភាពយន្ត ខណៈ​ដែល​រឿង​នេះ ទោះ​១០​ ឬ​២០​ឆ្នាំ​ទៀត​ ក៏​កម្ពុជា​​គ្មាន​លទ្ធភាព​ថត​អោយ​ល្អ​ឥត​ខ្ចោះ​ដូច​ផលិតកម្ម​នេះ ដែរ។ ឯក​ឧត្ដម​និយាយ​ថា «កម្ពុជា​ប្រគល់​រឿង​នេះ អោយ​ហូលីវូដ​ថត មិន​មែន​មាន​ន័យ​ថា​កម្ពុជា​គ្មាន​អ្នក​ផលិត​នោះ​ទេ ប៉ុន្តែ​រឿង​ប្រវត្តិសាស្ត្រ​បែប​នេះ ដាច់​ខាត​មិន​អាច​ថត​លេង​សើច​ ដោយ​ប្រើ​ដើម​ទុន​តិច​តួច​ ហើយ​ធ្វើ​អោយ​ខូច​ភាព​អស្ចារ្យ​ក្នុង​ជំនាន់​ព្រះ​អង្គ​ឡើយ»។

ឯកឧត្តម ម៉ៅ អាយុទ្ធ

សន្និសីទ ដែល​ប្រកាស​អោយ​ដឹង​ពី​គម្រោង ថត​រឿង​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ នៅ​លើ​ទឹក​ដី​ខ្មែរ នា​ដើម​ឆ្នាំក្រោយ ខាង​មុខ​នោះ​ មិន​បាន​បញ្ជាក់​ថា តារា​ខ្មែរ​ណា​ម្នាក់ នឹង​បាន​ដើរ​តួ​សំខាន់​ក្នុង​ខ្សែ​រឿង​ឡើយ ខណៈ​ដែល​តំណាង​ផលិតករ​ហូលីវូដ អះ​អាង​​ជា​សាធារណៈ​​ប្រាប់​ដល់​អង្គ​សន្និសីទ​ថា​ តួ​អង្គ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ គឺ​សម្ដែង​ដោយ​ តារា​​ល្បី​ល្បាញ​ ចន ស៊ីណា ដែល​មាន​មាឌ​ធំ​ខ្ពស់ និង​តួ​ឯក​ស្រី​ ​គឺ​សម្ដែង​ដោយ​ តារា​ស្រី​កូរ៉េ នាង​ ហាន់ ជីអ៊ុន ព្រម​ទាំង​តារា​ហូលីវូដ អែនជឹលីណា ជូលី និង លី លានជា (Jet Li) ទៀត​ផង។

លោក តូ​នី ជា​ផលិតករ និង​ជា​តារា​សម្ដែង​ល្បី​ល្បាញ​ ក្នុង​ក្រុម​ហ៊ុន​ហូលីវូដ និយាយ​ថា «តាម​រយៈ​ការ​សិក្សា​ ពី​លក្ខណៈ​សម្បត្តិ និង​រូប​រាង របស់​ព្រះ​បាទ ជ័យ​វរ្ម័ន​ទី៧​និង តួ​អង្គ​ពាក់​ព័ន្ធ ខ្ញុំ​យល់​ថា មិន​សក្ដិ​សម​នឹង​ តារា​ខ្មែរ​ណា​ម្នាក់​ឡើយ ប៉ុន្តែ​យើង​ក៏​បាន​ផ្ដល់​ឱកាស​អោយ​ពល​រដ្ឋ​ខ្មែរ បាន​ដើរ​តួ​រាយ​រង ពិសេស​ក្នុង​តួ​ជា​​កង​ទ័ព​ដែល​ត្រូវ​ប្រើ​ដល់​អាច​រាប់ពាន់​​នាក់​ក្នុង​ ពេល​ថត​ផង​ដែរ»។ លោក​អះ​អាង​ថា ក្រុម​ហ៊ុន​ហូលីវូដ នឹង​ដំណើរ​ការ​ថត​រឿង​នេះ នៅ​លើ​ទឹក​ដី​អង្គរ ដោយ​នឹង​ប្រឹង​សម្រាំង​អោយ​ត្រឹម​ត្រូវ​តាម​ប្រវត្តិសាស្ត្រ​ដែល​បាន​ចូល​ រួម​សិក្សា​ដោយ​អ្នក​ប្រវត្តិវិទូ​ខ្មែរ មុន​ពេល​ឈាន​ដល់​ការ​ប្រកាស​ក្នុង​សន្និសីទ​នេះ អោយ​បាន​១០០% ។

ផលិតករហូលីវូដ តូនី

លោក ទេព រិន​ដារ៉ូ និង លោក យុត្ថារ៉ា ឆានី ព្រម​នឹង​ភិរយា ថ្លែង​ក្នុង​អារម្មណ៍​រំភើប​ថា បើ​ទោះ​ជា​ខ្លួន​មិន​ត្រូវ​បាន​​ជ្រើស​អោយ​ដើរ​តួ ក្នុង​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ដ៏​​សំខាន់​ដំបូង​នេះ​ក៏​ដោយ ក៏​ពួក​​បង្ហាញ​ទស្សនៈ​ស្រប​គ្នា​ប្រកប​ដោយ​ការ សប្បាយ​ចិត្ត។ តារា​ជើង​ចាស់​ទាំង​ពីរ បាន​ថ្លែង​ក្នុង​ឱកាស​សន្និសីទ​កាល​ពី​ម្សិល​មិញ​ថា «ពួក​យើង​មិន​គិត​ថា​ មិន​គប្បី​ដែល​ខាង​ផលិតករ​ហូលីវូដ មិន​ជ្រើស​តារា​ខ្មែរ​ អោយ​ដើរ​តួ​សំខាន់​នោះ​ទេ ព្រោះ​ពួក​គាត់​ដឹង​ថា តួ​យ៉ាង​ម៉េច​ទើប​ស៊ី​នឹង​ប្រវត្តិ​នា​អតីត​កាល​នោះ ដូច្នេះ​យើង​មាន​តែ​សប្បាយ ពេល​ក្រុម​ផលិត​ភាព​យន្ត​ដ៏​ល្បី​ល្បាញ លើ​ពិភព​លោក​នេះ សម្រេច​ថត​រឿង​​របស់​ខ្មែរ​នៅ​លើ​ទឹក​ដី​ខ្មែរ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​ខ្មែរ អោយ​សកល​លោក​បាន​ឃើញ​នា​ពេល​អនាគត »។ មិន​ទាន់​មាន​ការ​អះ​អាង​ថា រឿង​នេះ នឹង​អាច​ត្រូវ​បញ្ចាំង ក្នុង​ទី​ផ្សារ​ស្រុក​ខ្មែរ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្សែ​រឿង​នេះ នឹង​ទទួល​ជោគជ័យ​ខ្លាំង ក្រោយ​ពេល​ថត​ចប់ ខណៈ​ដែល​តួ​សម្ដែង​សុទ្ធ​តែ​ជា​តារា​ល្បី​លើ​លោក និង​មាន​ការ​ចំណាយ​ដល់​៧០​លាន​ដុល្លារ ក្នុង​ដំណើរ​ថត​រឿង​ ដែល​ជា​ចំនួន​ច្រើន​លើស​លប់​មិន​ធ្លាប់​មាន ក្នុង​ចំណោម​ខ្សែ​ភាព​យន្ត​ខ្មែរ ដែល​ធ្លាប់​តាក់​តែង​ឡើង តាំង​ពី​អតីត​កាល​នោះ។

លោកទេពវិនដារូ